មិនដឹងថាគួរជូនផ្កាពណ៌អ្វីទៅគេមែនទេ? ទាំងនេះជាអត្ថន័យពណ៌នៃផ្កានីមួយៗ

ជាធម្មតា យើងបានដឹងថា ផ្កាគឺមានចម្រុះពណ៌ និងមានភាពស្រស់ស្អាតទៅតាមប្រភេទនីមួយៗ។ បន្ថែមពីលើនេះ ពណ៌នៃផ្កាក៏មានបង្កប់អត្ថន័យផ្សេងៗគ្នា ហើយពេលខ្លះ ការប្រើប្រាស់វាគឺតម្រូវតាមកាលៈទេសៈ និងពេលវេលា ពោលគឺមិនអាចចេះតែប្រើបាននោះឡើយ ព្រោះវាអាចនាំហុងស៊ុយមិនល្អដល់យើងបាន។ ប៉ុន្តែ សូមកុំបារម្ភ ខាងក្រោមនេះ​គឺជាអត្ថន័យពណ៌នៃផ្កា ដែលលោកអ្នកអាចឈ្វេងយល់បាន មុនយកវាទៅប្រើប្រាស់៖

ផ្កាខៀវ ឬទឹកប៊ិក

ផ្កាពណ៌​ខៀវ​ស្លេក​ ឬពណ៌ទឹកប៊ិកស្រាល គឺបង្កប់អត្ថន័យថាមាន​ភាព​ស្ងប់​ស្ងាត់ ​ការ​ព្រួយ​បារម្ភ និង​ការ​យកចិត្តទុកដាក់។ មិនតែប៉ុណ្ណោះ ពណ៌ខៀវតំណាងឱ្យសន្តិភាព និងភាពស្ងប់ស្ងាត់។ ដូច្នេះ បើសិនជាលោកអ្នកចង់ជូនផ្កាពណ៌ខៀវទៅនរណាម្នាក់ គឺគួរជូនក្នុងបំណងថាលោកអ្នកចង់ឱ្យម្នាក់នោះរស់នៅដោយការតាំងសតិ និងរស់ក្នុងសន្ដិភាពឱ្យបានច្រើន។

ផ្កាពណ៌ផ្កាឈូក

ផ្កាពណ៌ផ្កាឈូកតំណាងឱ្យព្រះគុណ សុភាពរាបសារ និងសុភមង្គល។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញពីយុវវ័យភាពដែលមានភាពរីករាយ រស់ដោយគ្មានកង្វល់។ លោកអ្នកអាចជូនផ្កាពណ៌ផ្កាឈូកទៅនរណាម្នាក់ដើម្បីបង្ហាញពីអារម្មណ៍ស្នេហ៍គ្រាដំបូង។

ផ្កាពណ៌ស្វាយ

ផ្កាពណ៌ស្វាយតំណាងឱ្យសេចក្តីថ្លៃថ្នូរ មោទកភាព ភាពជោគជ័យ ការសម្រេចបាន និងការកោតសរសើរ។ លោកអ្នកអាចជូនផ្កាពណ៌ប្រភេទនេះដើម្បីអបអរពីភាពជោគជ័យ ឬដើម្បីស្វាគមន៍នូវជ័យជម្នះអ្វីមួយរបស់នរណាម្នាក់។

ផ្កាពណ៌ក្រហម

ផ្កា​ពណ៌​ក្រហម​តំណាង​ឱ្យ​សេចក្តី​ប្រាថ្នា កម្លាំង និង​សេចក្តី​ស្រឡាញ់​ដ៏​ងប់ងល់។ ជាមួយនឹងភាពស្រស់ស្អាត ភាពក្លាហាន ដែលជានិមិត្តសញ្ញារបស់វា អ្នកគួរជូនវាទៅនរណាម្នាក់ដើម្បីបង្ហាញពីចិត្តស្មោះសរ ការតាំងចិត្ត ឬបង្ហាញពីចំណងស្នេហ៍ជានិរន្តរ៍៕

Leave a Reply